ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ថ្ងៃសៅរ៍ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីខេត្តកណ្ដាល។
ប្រធានបទក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖
- ការជម្រុញការប្រើប្រាស់អង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ជា
- របៀបដែលឱសថស្ថានអាចបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាឱសថក្នុងឱសថស្ថានដល់អ្នកជំងឺ និងអតិថិជន និងជំនួយប្រតិបត្តិការតាមបែបឌីជីថល។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានផ្ដល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកាគណៈឱសថការីខេត្តកណ្ដាលនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
១. ត្រូវបន្តគោរពឱ្យបាននូវក្រមសីលធម៌ឱសថការីក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ
២. ត្រូវលក់ ឬផ្ដល់ឱសថទៅតាមវេជ្ជបញ្ជា ជាពិសេសឱសថAntiobiotic និងឱសថដែលត្រូវការវេជ្ជបញ្ជា
៣. ហាមទិញ និងលក់ឱសថរបស់រដ្ឋដែលមានស្លាកបញ្ជាក់ហាមលក់ជាដាច់ខាត
៤. បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំតាមរយៈការចូលរួមបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្ត។































